នៅក្នុងលោកនេះ និយមន័យរបស់ស្នេហាត្រូវបានគេអោយខុសៗពីគ្នា អ្នកខ្លះអោយនិយមន័យស្នេហាថា ជាអារម្មណ៍ម្យ៉ាងដែលកើតឡើងនៅពេលដែលមនុស្សពីរនាក់បានជួប បានស្គាល់ ឬបានទទួលអ្វីមួយដែលធ្វើអោយពួកគេមានអារម្មណ៍មួយដែលកើតចេញពីទឹកចិត្ត ហើយស្នេហាពិតជាធ្វើអោយមនុស្សកាន់តែចង់រស់នៅបំផុត។ និយមន័យស្នេហាមិនមែនមានន័យបែបនោះទេ វាសុទ្ធតែត្រឹមត្រូវទាំងអស់ ព្រោះវាបានបញ្ជាក់ពីបទពិសោធន៍របស់ពួកគេរៀងៗខ្លួនដែលធ្លាប់បានឆ្លងកាត់មក។ បើទោះបីជាគេមិនធ្លាប់ឆ្លងកាត់វាក៏ពិតមែន ការអោយនិយមន័យស្នេហាគឺជាការលើកឡើង តាមការយល់ឃើញរបស់គេតែប៉ុណ្ណោះ។
អ្នកតែងតែឆ្ងល់ថាហេតុអ្វីបានជាអ្នកខ្លះជោគជ័យ រីឯអ្នកខ្លះវិញបរាជ័យក្នុងជីវិតស្នេហា? ខាងក្រោមនេះយើងនឹងបកស្រាយអោយបានច្បាស់ថាមកពីហេតុអ្វី
មូលហេតុដែលបណ្ដាលអោយអ្នកជោគជ័យ
អ្នកដែលជោគជ័យក្នុងជីវិតស្នេហា គឺព្រោះតែគេចេះប្រើសកម្មភាពក្នុងទំនាក់ទំនងរបស់ពួកគេ គេជាមនុស្សដែលស្គាល់អ្វីទៅដែលហៅថាស្នេហា ដឹងថាស្នេហាជាអ្វី និងត្រូវរៀបចំខ្លួនយ៉ាងណាដើម្បីទទួលបានស្នេហាមួយដែលសមប្រកប។ គេអាចជាមនុស្សម្នាក់ដែលស្គាល់រស់ជាតិស្នេហា គេអាចជាមនុស្សម្នាក់ដែលមិនឈឺចាប់ខ្លាំងនោះទេ ហើយក៏គ្មានចិត្តគុំគួនទៅនឹងអ្នកដែលធ្វើអោយគេឈឺចាប់ផងដែរ។
ប្រសិនបើគេស្រលាញ់នរណាម្នាក់ គេនឹងប្រើចិត្តស្មោះរបស់គេ ដើម្បីរក្សាភក្ដីស្នេហ៍រហូតដល់ថ្ងៃស្លាប់ មិនថាម្នាក់នោះមានចរិកបែបណានោះទេ គេនឹងទទួលយកទាំងចំនុចអាក្រក់នឹងចំនុចល្អ ដោយមិនគិតថាខ្លួនគេចូលចិត្តវាដែលឬទេ ត្រង់នេះគួរបញ្ជាក់ថាស្នេហាគ្មានលក្ខខណ្ឌនិងដោយក្ដីពេញចិត្ត។
គេជាមនុស្សដែលមិនតូចចិត្តឬត្អូញត្អែរនៅអ្វីដែលគេបានជ្រើសរើសជាគូរនោះទេ ទោះបីជាគេម្នាក់នោះធ្វើរឿងអោយគេមិនពេញចិត្តខ្លះៗក៏ដោយ ព្រោះអ្វីដែលគេចង់បានបំផុតនោះគឺ ស្នេហ៍មួយដ៏បរិសុទ្ធ ហើយវាមិនមែនជាសម្រស់ ឬតណ្ហាឡើយ។
ក្នុងទំនាក់ទំនងស្នេហារបស់គេ ប្រកបទៅដោយគុណធម៌ មេត្តាធម៌ នឹងពោរពេញទៅដោយភាពស្មោះត្រង់រវាងគ្នានឹងគ្នា ចេះយល់យោគអធ្យាស្រ័យគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀតគេជាមនុស្សដែលនឹងនៅក្បែរមនុស្សដែលគេស្រលាញ់ មិនថាក្នុងស្ថានភាពយ៉ាងណានោះទេ ហើយគេស្រលាញ់ដោយផ្ដល់ទំនុកចិត្ត និងចេះគោរពគ្នាទៅវិញទៅមក ផ្ដល់សិទ្ធអោយអ្នកក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ។ ចំនុចអស់ទាំងនេះហើយដែលធ្វើអោយមនុស្សមួយចំនួនអាចទទួលបានជោគជ័យក្នុងជីវិតស្នេហារបស់ពួកគេ។
មូលហេតុដែលបណ្ដាលអោយអ្នកបរាជ័យ
អ្នកដែលបរាជ័យក្នុងជីវិតស្នេហា គឺព្រោះតែសកម្មភាពក្នុងទំនាក់ទំនងរបស់ពួកគេ ជាមនុស្សដែលរង់ចាំអោយគេមកទាក់ទងសុំស្នេហ៍មុន ទើបគេព្រមបើកចិត្តស្រលាញ់តាមក្រោយ ដោយខ្លួនគេមិនប្រាកដចិត្តមួយរយភាគរយ ថាស្រលាញ់ម្នាក់នោះនៅឡើយទេ គេនឹងមិនតបស្នងក្ដីស្រលាញ់របស់គេទៅវិញឡើយ។
ផ្ទុយទៅវិញគេនឹងនៅស្ងៀម មិនសម្ដែងអ្វីជាមួយមនុស្សដែលខ្លួនស្រលាញ់អោយបានដឹងពីចិត្ត និងអារម្មណ៍ដែលមានក្នុងចិត្តរបស់គេឡើយ។ គេអាចជាមនុស្សដែលគ្មានការទុកចិត្តគ្នាសូម្បីតែខ្លួនឯង ហើយជាមនុស្សដែលចូលចិត្តប្រច័ន្ទច្រើន ប្រើហិង្សា ក្រេវក្រោធ និងជាមនុស្សដែលអត្មានិយម និងមិនចង់អោយគេមកត្រួតត្រាបាននោះទេ ដោយគេមិនផ្ដល់សិទ្ធសេរីភាពពេញលេញអោយដៃគូរស្នេហារបស់ខ្លួនបានធ្វើឡើយ។
គេក៏ជាមនុស្សដែលប្រាថ្នារកអ្វីដែលល្អឥតមានខ្ចោះ តែខ្លួនបែរជាមិនកើត និងបណ្ដោយអោយខ្លួនឯងជាមនុស្សដែលគ្មានតម្លៃ។ គេជាមនុស្សដែលហ៊ានលះបង់ខ្លួនឯងគ្រប់បែបយ៉ាង និងភាពជាម្ចាស់ការរបស់ខ្លួនដើម្បីតម្រូវតាមចិត្តគូរស្នេហ៍ ដើម្បីគេកុំបោះបង់ចោលរូបគេ។
មនុស្សភាគច្រើនដែលបរាជ័យក្នុងជីវិតស្នេហាមួយនេះ ជាមនុស្សដែលឈ្លក់វង្វេងនឹងរូបសម្រស់ តណ្ហា និងសម្ភារៈនិយម ជាមនុស្សដែលប្រាថ្នាស្នេហាមួយដែលទទួលបានជោគជ័យតែមិនទាន់ស្គាល់ថាអ្វីជាស្នេហានៅឡើយ ។
ពាក្យណែនាំ
ប្រសិនបើអ្នកចង់បានស្នេហាដែលសមប្រកប មិនមែនគ្រប់គ្នាសុទ្ធតែអាចជោគជ័យក្នុងរឿងមួយនេះបាននោះទេ ការស្រលាញ់មនុស្សម្នាក់ប្រៀបបីដូចយើងចិញ្ចឹមសត្វអញ្ចឹងដែរ ប្រសិនយើងមិនថែទាំវានោះទេ វានិងស្លាប់ឬឈឺជាក់ជាពំុំខាន តែបើយើងថែទាំដាក់ចំណីវាបានទៀតទាត់នោះវាច្បាស់ជាធំធាត់បានល្អ ។ ដូចនេះហើយរឿងសំខាន់ៗ ទាំងឡាយអ្នកត្រូវចេះសិក្សាស្វែងយល់ពីវាអោយបានល្អិតល្អន់បំផុត។ បើចង់បានស្នេហាមួយដែលជោគជ័យ អ្នកត្រូវតែស្គាល់ពីស្នេហាអោយបានច្បាស់នឹងច្បាប់របស់វា មិនមែននៅស្ងៀមទ្រឹងហើយវានឹងបានជោគជ័យនោះទេ ។ឈប់ស្រមៃពីវាទៀតទៅបើអ្នកមិនទាន់បានធ្វើរឿងដែលល្អសម្រាប់ទំនាក់ទំនងរបស់អ្នក ។
COMMENTS